ប្រជាពលរដ្ឋជាង ៤៣០គ្រួសារ នៅភូមិមួយចំនួននៃឃុំត្រពាំងធំ បាននាំគ្នាផ្ដិតមេដៃដាក់ជូនអភិបាលស្រុកប្រាសាទបាគង និងអភិបាលខេត្តសៀមរាប ដើម្បីឲ្យជួយដោះស្រាយជុំវិញបញ្ហាក្លិនស្អុយខ្លាំង ដែលភាយចេញពីគំនរសំរាម ដោយសារក្រុមហ៊ុនតែងដឹកចេញពីទីក្រុងយកទៅចាក់ចោលជារៀងរាល់ថ្ងៃ។
អ្នកភូមិឲ្យដឹងថា ជាច្រើនឆ្នាំមកហើយ គំនរសំរាមដែលដឹកចេញពីទីក្រុង ហើយយកទៅចាក់ចោលជិតកន្លែងពួកគេរស់នៅ មិនត្រឹមតែមានក្លិនស្អុយខ្លាំងប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃទេ គឺថែមទាំងបំផ្លាញបរិស្ថាន និងជីវិតសត្វជាច្រើនទៀតផង។
ឃុំត្រពាំងធំ នៃស្រុកប្រាសាទបាគង ឋិតនៅចម្ងាយប្រមាណជាង ២៤គីឡូម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ៦ ភាគខាងកើតពីទីរួមខេត្តសៀមរាប។ ទីនោះ គឺជារណ្ដៅសំរាមយ៉ាងធំ ដែលក្រុមហ៊ុនហ្កាអ៊ីយ៉ា (GAEA) ប្រមូលចេញពីទីក្រុង ហើយដឹកយកទៅចាក់ចោលជាច្រើនរថយន្តក្នុងមួយថ្ងៃៗ។
គំនរសំរាមដែលលាតសន្ធឹងលើផ្ទៃដីជាច្រើនរយម៉ែត្រក្រឡា កំពុងភាយក្លិនស្អុយអាក្រក់ បង្កឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើនភូមិ ក៏ប៉ុន្តែអ្នកប៉ះពាល់ខ្លាំងជាងគេ គឺអ្នកភូមិអន្លង់ពីរ និងភូមិភ្នំដី ដែលនៅកៀកបំផុត។
ក្រុមប្រជាពលរដ្ឋជាច្រើនរយគ្រួសារដែលរស់នៅភូមិអន្លង់ពីរ និងភូមិភ្នំដី និយាយថា ពួកគេកំពុងប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ និងសុខភាពយ៉ាងខ្លាំង ដោយសារតែគំនរសំរាមមានក្លិនស្អុយ ព្រមទាំងមានសត្វរុយជាច្រើនទៀតផង៖ «ប្រុស៖ ធ្លាក់ភ្លៀងម្ដងនៅខែចេត្រ ពិសាខ នេះស្អុយ ហើយរុយទុំមែកឈើឡើងទន់ សុទ្ធតែរុយក្បាលខៀវ ខ្ញុំហូបបាយក៏ចងមុង។ ស្រី៖ យប់ឡើងពេលខ្យល់បក់ចំមក ដេកមិនបានទេស្អុយ បិទទ្វារជិតហើយនៅតែស្អុយទៀត ទៅវាឈឺក្បាលចង់ក្អួត ពេលណាក៏អ៊ក តែក្អួតមិនចេញ»។
អ្នកភូមិបញ្ជាក់ថា ដោយសារទទួលរងក្លិនស្អុយពីគំនរសំរាមជាច្រើនឆ្នាំ បច្ចុប្បន្នមនុស្សចាស់ និងក្មេងៗជាច្រើន បានកើតជំងឺផ្ដាសាយ ជំងឺផ្លូវដង្ហើម របេង និងជំងឺរាកក្អួតជាដើម។ ជារៀងរាល់ថ្ងៃ សំរាមដែលដឹកចេញពីទីក្រុងសៀមរាប យកទៅចាក់ចោលក្នុងរណ្ដៅទីនោះដោយមិនមានការគ្រប់គ្រងឲ្យមានសណ្ដាប់ធ្នាប់ទេ ដោយសារតែមានប្រជាពលរដ្ឋមួយក្រុមទៀតដែលប្រកបមុខរបររើសអេតចាយ តែងប្រចាំការនៅទីនោះ គាស់កកាយ និងរុះរើរកកាកសំណល់នានាដែលអាចយកទៅលក់ដូរបាន។
សំរាមនៅរាយប៉ាយក្នុងរណ្ដៅ និងបរិវេណដទៃទៀត បង្កើតឲ្យមានក្លិនស្អុយខ្លាំង នៅពេលត្រូវកម្ដៅថ្ងៃ ហើយខ្យល់បក់ម្ដងៗ។
កាលពីសប្ដាហ៍មុន ដោយសារតែមិនអាចទ្រាំទ្រនឹងក្លិនស្អុយខ្លាំងចេញពីសំរាមបាន ក្រុមអ្នកភូមិជាង ៤៣០នាក់ បាននាំគ្នាផ្ដិតមេដៃប្ដឹងទៅអាជ្ញាធរឃុំត្រពាំងធំ និងអាជ្ញាធរស្រុកប្រាសាទបាគង ឲ្យជួយដោះស្រាយ ក៏ប៉ុន្តែមិនទាន់មានអាជ្ញាធរណាចេញមុខដោះស្រាយបញ្ហានេះនៅឡើយ។
អភិបាលស្រុកប្រាសាទបាគង លោក ភូ សំអាត មិនទាន់ធ្វើការបញ្ជាក់អំពីបញ្ហាក្លិនស្អុយសំរាមនោះយ៉ាងណានៅឡើយទេ ដោយលោកប្រាប់ថា កំពុងជាប់រវល់រៀបការកូន។
ចំណែកជំទប់ទី២ ឃុំត្រពាំងធំ លោក សយ សីហា ទទួលស្គាល់ថា គំនរសំរាមដ៏ធំដែលនៅជិតភូមិអន្លង់ពីរ និងភូមិភ្នំដី គឺពិតជាមានក្លិនស្អុយខ្លាំង ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋមែន។ លោក សយ សីហា បញ្ជាក់ថា រូបលោក គឺជាសមាជិកក្រុមប្រឹក្សាឃុំម្នាក់ដែលតែងឈឺឆ្អាលនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយជួយនាំយកស្នាមមេដៃរបស់អ្នកភូមិដែលប្ដឹងទៅអាជ្ញាធរថ្នាក់លើឲ្យជួយដោះស្រាយ ក៏ប៉ុន្តែបែរជាអាជ្ញាធរថ្នាក់លើមិនជឿលើស្នាមមេដៃនោះទៅវិញ៖ «ស្អុយខ្លាំង គឺនៅរដូវវស្សា ដែលមានភ្លៀងធ្លាក់មក សំរាមរលួយ! ស្អុយហើយមានរុយទៀត។ ពេលដែលខ្យល់បក់បោកចំទិសណា អ្នកស្រុក ភូមិ ចំទិសខ្យល់ គឺស្អុយ»។
ក្រុមប្រជាពលរដ្ឋនៅភូមិអន្លង់ពីរ និងភូមិភ្នំដី ឲ្យដឹងថា គេបានរស់នៅដោយទ្រាំហិតក្លិនស្អុយរបស់គំនររយៈពេល ៧ឆ្នាំហើយ ចាប់តាំងពីក្រុមហ៊ុនបានជ្រើសរើសយកកន្លែងចាក់សំរាមនៅជិតភូមិមក។ អ្នកភូមិអះអាងទៀតថា រណ្ដៅសំរាមនេះក្រៅតែពីក្លិនស្អុយខ្លាំង គឺនៅរដូវវស្សាមានទឹកខ្មៅហូរចូលទៅតាមស្រែ និងប្រឡាយ ធ្វើឲ្យរលួយស្រូវ និងងាប់សត្វត្រី ក្ដាមខ្យងជាច្រើនគ្មានសល់។ អណ្ដូងទឹកខ្លះរបស់អ្នកភូមិដែលជីករាក់ ក៏ទឹកខ្មៅរបស់រណ្ដៅសំរាមជ្រាបចូល បង្កឲ្យកើតក្លិនស្អុយប្រើលែងកើតដែរ។ លើសពីនេះទៅទៀត សត្វគោរបស់អ្នកភូមិមួយចំនួនដែលលែងឲ្យដើរស៊ីស្មៅនៅពេលវាដើរទៅលើរណ្ដៅសំរាម គឺផុងស្លាប់ ខ្លះយកមកបាន និងខ្លះត្រូវលិចកប់បាត់តែម្តង។ ក្រុមអ្នកភូមិ ទាមទារឲ្យអាជ្ញាធរដោះស្រាយបញ្ហារណ្ដៅសំរាមដ៏ធំនេះ ដោយមិនចង់ឲ្យមាននៅជិតភូមិទៀតទេ។
អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ខេត្តសៀមរាប ដែលចុះពិនិត្យមើលគំនរសំរាមនោះ លោក ចាន់ ចំរើន ទទួលស្គាល់ថា លោកពិតជារកឃើញការប៉ះពាល់ទាំងបរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ ដោយសារគំនរសំរាមមែន៖ «នៅពេលដែលយើងទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ អាដហុក បានចុះទៅដល់កន្លែងកើតហេតុ ឃើញថាគំនរសំរាមហ្នឹងកៀកនឹងភូមិមែន ឃើញថាក្លិនស្អុយមែន យើងចុះទៅមិនមានភ្លៀង ប៉ុន្តែក្លិនស្អុយ»។
សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តសៀមរាប យល់ឃើញថា បើយោងតាមប្រជាពលរដ្ឋជាង ៤០០គ្រួសារ ដែលផ្ដិតមេដៃប្ដឹងអំពីបញ្ហាក្លិនស្អុយរបស់គំនរសំរាមនោះ គឺជាការប៉ះពាល់ដ៏ធំ។ ដូច្នេះ អាជ្ញាធរថ្នាក់ឃុំស្រុកប្រាសាទបាគង និងខេត្តសៀមរាប គួរតែពន្លឿនការដោះស្រាយ។ សមាគមការពារសិទ្ធិមនុស្សអាដហុក បន្ថែមទៀតថា ការដោះស្រាយនោះ បើអាជ្ញាធរអាចផ្លាស់ប្ដូរទីតាំងសំរាមបានក៏ប្ដូរ ប៉ុន្តែបើមិនមានកន្លែងប្ដូរទេ គួរធ្វើយ៉ាងណាដើម្បីកុំឲ្យសំរាមជះក្លិនស្អុយខ្លាំង ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដូចពេលនេះទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។